Friday, August 17, 2018




ស្វែងយល់ពីទន្លេសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា


ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ដែល​មាន​ទន្លេ ស្ទឹង ព្រែក និង​បឹងបួ​ដ៏​ច្រើន ហើយ​ជា​ពិសេស ផ្ទៃទឹក​ទាំង​នោះ​សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​ត្រី​យ៉ាង​ច្រើន​អនេក ។ គេ​តែង​និយាយ​ថា «ឲ្យ​តែ​មាន​ទឹក មាន​ត្រី» ។ តាម​ធម្មតា គេ​ចែក​ព្រែក និង​ទន្លេ​ខ្មែរ​ជា​បី​ក្រុមគឺក្រុម​ទន្លេធំ ក្រុម​ទន្លេសាប និង​ក្រុម​ទន្លេ​ដែល​ស្ថិត​នៅ​តាម​ឈូង​សមុទ្រ​ថៃ ។
ទន្លេ​មេគង្គ​ជា​ទន្លេ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ទន្លេ​ធំៗ​ទាំងឡាយ​ក្នុង​ពិភពលោក ។ ទន្លេ​នេះ​បណ្ដោយ ៤.២០០ គម និង​មាន​ប្រភព​នៅ​ទីបេ ប៉ែក​ខាង​កើត​ប្រទេស​ចិន ហើយ​កម្ពស់ ៥០០ ម ។ អាង​ទន្លេ​មេគង្គ​មាន​ផ្ទៃ ៨០០.០០០ គម២ គឺ​ជា​ទន្លេ​ទី​បួន​នៅ​ទ្វីប​អាស៊ី ។ ទន្លេ​នេះ​ហូរ​កាត់​ប្រទេស​ចិន ប្រទេស​ឡាវ ប្រទេស​ថៃ ប្រទេស​ខ្មែរ និង​ប្រទេស​វៀតណាម​ខាងត្បូង ។ ដង​ទន្លេ​នេះ​អាច​ចែក​ជា​បី​ផ្នែក ៖
ដង​ទន្លេ​ខាង​ក្រោម ចាប់​ពី​ក្រចេះ​ទៅ​ដល់​សមុទ្រ​ចិន ។ ចាប់​ពី​ក្រចេះ​ចម្ងាយ ៥១០ គម ពី​សមុទ្រ គេ​អាច​ធ្វើ​នាវាចរ​បាន​គ្រប់​តែ​រដូវ​ក្នុង​ទន្លេ​មេគង្គ ។ នៅ​ភ្នំពេញ ទន្លេ​មេគង្គ​ប្រសព្វ​គ្នា​នឹង​ទន្លេសាប បង្កើត​ជា​ដៃ​ទន្លេ​បួន​ស្រប​ទៅ​តាម​ពាក្យ​ខ្មែរ​ថា «ទន្លេ​បួន​មុខ» ទន្លេ​សាប ទន្លេ​បាសាក់ (ទន្លេ​ក្នុង) ទន្លេ​ធំ​ខាងលើ (មេគង្គ) និង​ទន្លេធំ​ខាង​ក្រោម (ទន្លេ​ក្រៅ) ។ ដី​សណ្ដ​ទន្លេ​មេគង្គ​ចែក​ជា​ដៃ​ច្រើន​ដែល​ទទឹង​មាន​ប្រវែង​ជួន​ដល់​ទៅ ២ គម និង​ប្រកប​ទៅ​ដោយ​កូន​កោះ​យ៉ាង​ច្រើន ឬ​គំនរ​ខ្សាច់​យ៉ាង​វែងៗ​ដែល​សណ្ដូក​ទៅ​រក​មាត់​សមុទ្រ។



នៅ​រដូវ​វស្សា ពី​ខែ​មិថុនា ដល់​ខែ​តុលា ទឹក​ដែល​បាន​មក​ពី​ការ​រលាយ​ទឹក​កក​នៅ​ទីបេ និង​ពី​ទឹក​ភ្លៀង តែង​ហូរ​ចាក់​មក​ក្នុង​ទន្លេ​មេគង្គ​ដោយ​ល្បឿន​ខ្លាំង ហើយ​នៅ​កន្លែង​ខ្លះ​ទឹក​មាន​កម្រិត​កម្ពស់​ដល់ ៣០ ម ។ ជំនន់​ដ៏​អស្ចារ្យ​នេះ​មិន​គ្រាន់​តែ​ផ្ដល់​ទឹក​ឲ្យ​ពេញ​បណ្ដាញ​ខាងត្បូង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចាល់​ចូល​ទៅ​ក្នុង​បឹងទន្លេសាប​ទៀត​ផង ។ ជំនន់​នេះ​ដំបូង​ចាប់​ផ្ដើម​នៅ​ប្រទេស​ឡាវ​នៅ​ខែ​កក្កដា រួច​ចុះ​មក​ក្រោម​ជា​លំដាប់ ហើយ​ជំនន់​អតិបរមា​នៅ​ក្រុង​ភ្នំពេញ​នៅ​ដំណាច់​ខែ​កញ្ញា (ទឹក​ឡើង​ពី ៧ ទៅ ៩ ម) ។
បឹង និង​កំហូង​ទាំងឡាយ​ដែល​នៅ​អម​ទន្លេ​មេគង្គ ពី​ក្រចេះ​ដល់​បាណាម មាន​មុខងារ​ខាង​ធ្វើ​ឲ្យ​របប​ទន្លេ​មេគង្គ​មាន​ភាព​ទៀងទាត់ ។ ទឹក​ឡើង ឬ​ស្រក​នៃ​បឹង​កើត​មាន​ក្រោយ​ទឹក​ភ្លៀង ឬ​ទឹក​ស្រក​នៃ​ទន្លេ​ជានិច្ច គឺ​បឹង​តែងតែ​ទាក់​ទង​ជាមួយ​នឹង​ទន្លេ​ដោយសារ​ព្រែក ។ នៅ​រដូវ​ទឹក​ស្រក ព្រែក​ច្រើន​តែ​ស្ងួត រីឯ​បឹង​មាន​សល់​ទឹក​ជា​អប្បបរមា ។
ជា​បឋម ទន្លេ​មេគង្គ​ជា​ផ្លូវ​នាវាចរ​មួយ​ដ៏​សំខាន់​នៅ​គ្រប់​រដូវ ។ ប្រទេស​ខ្មែរ​រស់​យ៉ាង​រុងរឿង​ដោយសារ​ភោគ​ទ្រព្យ​ធម្មជាតិ​នៃ​រដុវ​ទឹក​ឡើង និង​រដូវ​ទឹក​ស្រក​អស់​មួយ​ភាគ​ធំ ។ ម្យ៉ាងទៀត នៅ​រាល់​រដូវ​ទឹក​ឡើង ទន្លេ​មេគង្គ​ផ្ដល់​ដល់​ដី​លិច​ទឹក​ទាំងឡាយ​នូវ​ល្បាប់​ម៉ដ្ឋ​ដ៏​មាន​ជីជាតិ ។ អ្នកស្រុក​មាត់​ទន្លេ​ច្រើន​រស់​នៅ​លើ​ខ្ពង់​ទន្លេ​តែ​ម្ដង ដែល​ជា​ទី​ដី​មាន​ទំហំ​តុច​តែ​មាន​ជីជាតិ គឺ​ជា​ដី​ចម្ការ​យ៉ាង​ប្រពៃ​ដែល​ផ្ដល់​ផលិតផល​កសិកម្ម​គ្រប់​បែប ។
ក្រុម​ទន្លេសាប​មាន​បឹង​ទន្លេសាប ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​ផ្នែក​ក្រោម ។ ផ្ទៃបឹង​នេះ​មាន​ទន្លេ​ទំហំ​ទាំង​អស់ ៣.០០០ គម២ នៅ​រដូវ​ប្រាំង និង ១០.០០០ គម២ នៅ​រដូវ​វស្សា ។ ទន្លេ​សាប​មុន​ទៅ​ជួប​នឹង​ទន្លេ​មេគង្គ ជា​ទន្លេ​ដែល​ទទួល​ទឹក​ពី​ទំនាប​កណ្ដាល​ទាំង​មូល និង​មាន​ប្រភព​នៅ​ភ្នំ​រន្ទា ហើយ​មាន​ផ្នែក​លើ​ទឹក ជា​ស្ទឹង​សិរីសោភ័ណ ។

  1. បឹងធំ ស្ថិត​នៅ​ខាងជើង មាន​បណ្ដោយ ៧៥ គម និង​ទទឹង ៣២ គម ។
  2. បឹងតូច ស្ថិត​នៅ​ចំ​កណ្ដាល មាន​បណ្ដោយ ៣៥ គម និង​ទទឹង ២៨ គម ។
  3. វាល​ភក់ ជា​វាល​មួយ​ធំធេង ប្រកប​ទៅ​ដោយ​កូន​កោះ​ទាបៗ និង​សម្បូរ​ខ្សាច់ ។ ទី​នោះ​មាន​តែ​រុក្ខជាតិ​ក្រិនៗ ។



នៅ​រដូវវស្សា ទិដ្ឋភាព​ទូទៅ​នៃ​បឹង​ទន្លេសាប ផ្លាស់​ប្ដូរ​ជា​ច្រើន ផ្ទៃ​ព្រមទាំង​ជម្រៅ​ទឹក​ក៏​កើន​ជា​លំដាប់ រហូត​ដល់​ជួនកាល​ទឹក​ជំនន់​ចូល​ពេញ​ទំនាប​ដែល​ព័ទ្ធ​ជុំវិញ​បឹង​នោះ ។ កម្ពស់​ទឹក​អាច​ឡើង​ដល់​ទៅ ១៤ ម គឺ​ខុស​គ្នា ១០ ម យ៉ាង​តិច​ពី​កម្ពស់​ទឹក​នៅ​រដូវ​ប្រាំង ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​នាវា​មាន​ចំណុះ​ច្រើន​អាច​បើកបរ​ចូល​ទៅ​ដល់​បឹង​ទន្លេសាប ។
ទន្លេសាប និង​ដៃ​ទាំងអស់ រួម​គ្នា​បង្កើត​ជា​ផ្លូវ​នាវាចរ​មួយ​ដ៏​មាន​ប្រយោជន៍ ។ នៅ​រដូវវស្សា បឹង​ទន្លេសាប​ប្រកប​ទៅ​ដោយ​ទូក​ប៉ុកចាយ​បើក​ក្ដោង ។ រីឯ​ស្ទឹង​មាន​តែ​កប៉ាល់​តូចៗ និង​ទូក​ប៉ុកចាយ ដែល​មាន​ចំណុះ​មិន​លើស​ពី ១០០ តោន ។ នៅ​រដូវ​ប្រាំង ក្នុង​បឹង​ទន្លេសាប គេ​អាច​ធ្វើ​នាវាចរ​បាន​ចំពោះ​តែ​កូន​ទូក​ប៉ុណ្ណោះ ។ ប៉ុន្តែ​បឹង​ទន្លេសាប​ជា​មជ្ឈមណ្ឌល​នេសាទ​មួយ​យ៉ាង​ធំ គឺ​ជា​មជ្ឈមណ្ឌល​ត្រី​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ពីព្រោះ​ទី​នោះ​មាន​ព្រៃ​លិច​ទឹក​ជា​ជម្រក​ដ៏​សម្បូរ​អាហារ​នៃ​សត្វ​ត្រី​ទាំងឡាយ ។
មួយ​ភាគ​ប្រាំមួយ (១/៦) នៃ​បរិវេណ​ព្រំប្រទល់​ខ្មែរ ជា​ឆ្នេរ​សមុទ្រ ។ ឆ្នេរ​នេះ​មាន​ប្រវែង ៤៥៥ គម នៅ​តាម​បណ្ដោយ​ឈូងសមុទ្រ​ថៃ ។ ហើយ​ទន្លេ​ដែល​ស្ថិត​នៅ​តាម​ឈូងសមុទ្រ​នេះ​ច្រើន​ជា​ព្រែក​តុចៗ ដែល​មាន​ទឹក​ឡើង និង​ស្រក​យ៉ាង​ឆាប់​រហ័ស អាស្រ័យ​មាន​ភ្លៀង ឬ​គ្មាន​ភ្លៀង ។ ផ្លូវ​ទឹក​សំខាន់ៗ​នៃ​តំបន់​នេះ ច្រើន​តែ​ហូរ​ធ្លាក់​ពី​រយៈ​កម្ពស់ ៥០០ ទៅ ៦០០ ម ពី​ធ្លាក់​ពី​ល្បាក់​មួយ​ទៅ​កាន់​ទំនាប​ជិតៗ ដោយ​បត់​ជា​ភ្នែន​ដ៏​ច្រើន​មុន​នឹង​ទៅ​ដល់​មាត់​សមុទ្រ ចម្ងាយ ១៥ ទៅ ២០ គម ។ នៅ​ត្រង់​ដី​សណ្ដ ផ្លូវ​ទឹក​ទាំងនោះ​តែង​ចែក​ជា​ដៃ​ដ៏​ច្រើន កប់​ក្រោម​ភក់​ជ្រាយ ដែល​មាន​ដើម​កោងកាង​ដុះ​ពាសពេញ ។
ម្យ៉ាងទៀត ជ្រោះ​ជា​ច្រើន​ដែល​ស្ងួត​នៅ​រដូវប្រាំង​តែងតែ​មាន​ទឹក​ច្រើន ហើយ​ហូរ​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា ដោយ​នាំ​មក​នូវ​ដុំ​ថ្ម​ធំៗ និង​មែក​ឈើ​ផង ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ជំនន់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ។ ក្រៅ​អំពី​ទឹក​ភ្លៀង ព្រែក​តូចៗ​ក្នុង​តំបន់​នេះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនោរ​សមុទ្រ​ថែម​ទៀត ។ នៅ​រដូវ​ប្រាំង ទឹក​សមុទ្រ​តែង​តែ​ចូល​មក​ក្នុង​ព្រែក​យ៉ាង​ងាយ ។ ហេតុ​ដូច្នេះ ស្ទឹង​តាម​ឆ្នេរ​ទាំងអស់ ពុំ​មាន​សារសំខាន់​ប៉ុន្មាន​ទេ​ចំពោះ​ផ្នែក​សេដ្ឋកិច្ច ។ ស្ទឹង​សំខាន់ៗ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ពី​ជើង​ទៅ​ត្បូង​មាន ៖

No comments:

Post a Comment